BY | admin | / | 23-07-2025 | / | 34 |
ប្រទេសជិតខាងកម្ពុជា សុទ្ធតែត្រូវវាយប្រហារធ្ងន់ដោយព្យុះ វី ផា ខណៈមានទាំងមនុស្សស្លាប់ថែមទៀត
ប្រទេសជាច្រើននៅអាស៊ី រួមមានប្រទេសចិន និងប្រទេសជិតខាងកម្ពុជា ដូចជា វៀតណាម ថៃ កំពុងត្រូវបានវាយប្រហារ យ៉ាងធ្ងន់ធ្ងរដោយព្យុះទីហ្វុង វីផា (Wipha) ដែលបង្កការខូចខាត និងសម្លាប់មនុស្ស ដែលទាមទារឲ្យមានវិធានបង្ការបន្ថែមទៀត ដើម្បីជាការជួយដល់ប្រជាជន ស្លូតត្រង់។
យោងតាមការចេញផ្សាយរបស់កាសែត Vietnam Plus នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានចេញបញ្ជាជាបន្ទាន់ផងដែរ ឲ្យមានការត្រៀមលក្ខណៈទូទាំងប្រទេស ខណៈដែលព្យុះទីហ្វុង វីផាដ៏ខ្លាំងក្លា ដែលបានបោកបក់មកដល់ភាគខាងជើង និងភាគកណ្តាលប្រទេសវៀតណាមនាខែកក្កដានេះ ដែលនៅក្នុងប្រទេសវៀតណាមខ្យល់បក់ឡើងដល់កម្រិតទី១២ និងខ្យល់កួចឡើងដល់កម្រិត១៥ គំរាមកំហែងដល់ភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់ភ្លាមៗ បំណាក់ដី និងការជន់លិចទីក្រុង។
នៅក្នុងប្រទេសថៃឯណោះវិញ ព្យុះទីហ្វុងវីផា ក៏បានបន្ទាបកម្រិតទៅជាព្យុះត្រូពិក បណ្តាលឱ្យមានអាកាសធាតុអាក្រក់នៅក្នុងប្រទេសថៃ ដែលបានសម្លាប់អ្នកទេសចរចិនពីរនាក់។ អ្នកទេសចរដែលបានស្លាប់ទាំងពីររួមមានអ្នកស្រី Wang Yang មានអាយុ ៥៣ឆ្នាំ បានស្លាប់បន្ទាប់ពីខ្យល់បោកបក់រលំដើមឈើសង្កត់លើលោកស្រី និងស្វាមី ខណៈដែលពួកគេកំពុងសម្រាកលំហែកាយនៅលើកោះ Koh He នាខេត្តភូកេត។ ចំណែកនៅក្នុងខេត្ត Krabi ក្បែរនោះ លោក Shin Yushi អាយុ ៣៤ឆ្នាំ បានលង់ទឹកស្លាប់ បន្ទាប់ពីត្រូវបានទឹកសមុទ្រ បោកបក់ទៅបាត់ ខណៈកំពុងហែលទឹកនៅកោះ Lanta ។
គួរបញ្ជាក់ថា ព្យុះទីហ្វុងវីផា (Wipha) នេះ បាននឹងកំពង់បោកបក់ ជាមួយកម្លាំងខ្យល់កន្រ្តាក់ ១២០ គីឡូម៉ែត្រក្នុងម៉ោង ដោយបានវាយប្រហារនៅភាគខាងត្បូងនៃប្រទេសចិន រួមទាំងក្រុងហុងកុង ក្រុងម៉ាកាវ ខេត្តក្វាងទុង រួចបន្តបក់បោកមកភាគខាងត្បូងខេត្តក្វាងស៊ី ហើយរំកិលខ្លួនចូលក្នុងឈូងសមុទ្រតុងកឹង ព្រឹកថ្ងៃចន្ទនេះ ដោយរំពឹងថានឹងឆ្ពោះទៅភាគខាងជើងនៃវៀតណាមបន្ទាប់ ក្នុងកម្រិតជាព្យុះត្រូពិក៕
|